អាជ្ញាធរដឹងមន្ត្រីជំនាញ បានឯកភាពឱ្យប្រជាពលរដ្ឋដាក់របាំងលប
លូធម្មតា ពីរភាគបីនៃមុខទឹកនៅប្រឡាយឥន្ធពេជ្រ ស្រុកជល់គីរី

ខេត្តកំពង់ឆ្នាំង ៖បន្ទាប់ពីតំណាងប្រជាពលរដ្ឋ២២៤ គ្រួសារ ក្នុងឃុំពាមឆ្កោក បានស្នើសុំធ្វើការនេសាទចាប់ត្រី នៅចំណុច«អូរប្រឡាយបឹងឥន្ធពេជ្រ» ដើម្បីយកថវិកាកសាងស្ពាន ស្ថិតភូមិអន្លង់មេត្រី ក្នុងឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។នៅព្រឹកថ្ងៃទី០៥ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារចម្រុះដឹកនាំដោយ លោក ពេជ្រ កែវមុនី អភិបាលរងខេត្តកំពង់ឆ្នាំង រួមជាមួយតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរពាក់ព័ន្ធ បានចុះពិនិត្យទីតាំងជាក់ស្តែង ។

លោក ងិន ហ៊ុនប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បញ្ជាក់អោយដឹងនៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ថាជាលទ្ធផល ក្រោយពីចុះពិនិត្យជាក់ស្តែង ក្រុមការងារបច្ចេកទេស បានឯកភាពគ្នា ឱ្យពួកគាត់ដាក់របាំង លបលូធម្មតា គឺ ពីរភាគបីនៃមុខទឹក ហើយត្រូវអនុវត្តតាមច្បាប់ស្តីពីជលផល និងការណែនាំបច្ចេកទេសរបស់ក្រសួងយ៉ាងម៉ឺងម៉ាត់ (ទាំងទំហំ ប្រវែង និងក្រឡាសាច់អូន)។ ក្នុងនោះ អាជ្ញាធរបានឱ្យពលរដ្ឋរុះរើកែតម្រូវរបាំងធ្នួសមួយចំនួន និងបានបាញ់ថ្នាំក្រហមលើបង្គោលធ្នួសទុកជាសម្គាល់រួចរាល់ផងដែរ។

ដោយឡែក ចំពោះគម្រោងសាងសង់ស្ពាន ឃើញថា ការកសាងត្រូវចំណាយថវិកាច្រើន ដែលមិនអាចពឹងផ្អែកតែលើប្រាក់ចំណូលបានពីការនេសាទនោះឡើយ។ ហេតុនេះ លោកអភិបាលរងខេត្ត បានបញ្ជាក់ថា អាជ្ញាធរខេត្តនឹងបន្តសិក្សាគម្រោងនេះ ដើម្បីស្ថាបនាស្ពានជូនពលរដ្ឋ សម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរវាងស្រុកជលគីរី និងស្រុកកំពង់លែង។

ជុំវិញការសម្រេចនេះ តំណាងប្រជាពលរដ្ឋ បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងការរីកចម្រើនក្នុងមូលដ្ឋាន ព្រមទាំងប្តេជ្ញាអនុវត្តតាមការណែនាំរបស់ក្រសួងឱ្យបានត្រឹមត្រូវបំផុត៕
