មន្ទីរឧស្សាហកម្មខេត្តកំពង់ឆ្នាំង ចុះត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ជញ្ជីងរបស់អាជីវករលក់ដូរនៅផ្សារសាលាលេខប្រាំ ក្នុងស្រុកកំពង់ត្រឡាច

ខេត្តកំពង់ឆ្នាំង៖នៅថ្ងៃទី២៨ខែតុលាឆ្នាំ២០២៦ មន្ត្រីការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ រួមជាមួយមន្ត្រីជំនាញនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ឆ្នាំង បានចុះពិនិត្យ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃជញ្ជីងរបស់បងប្អូនអាជីវករលក់ដូរនៅផ្សារសាលាលេខប្រាំ ដើម្បីការពារផលប្រយោជន៍ និងធានាបាននូវភាពស្មោះត្រង់ក្នុងការជួញដូរជូនប្រជាពលរដ្ឋ។

ការចុះត្រួតពិនិត្យនេះ ដឹកនាំផ្ទាល់ដោយលោកស្រី ហ៊ឹម សុចិន្តា អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ឆ្នាំង និង លោកស្រី សូរ សុធារ៉ា ប្រធានការិយាល័យស្តង់ដារ និងមាត្រាសាស្ត្រ ព្រមទាំងមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ និង លោក អ៊ឹម សាវុធ ជាមន្ត្រីសណ្តាប់ធ្នាប់ផ្សារសាលាលេខប្រាំផងដែរ។

ជាលទ្ធផលក្រុមការងារជំនាញបានធ្វើការត្រួតពិនិត្យលើឧបករណ៍វាស់វែងសរុបចំនួន ៨៨គ្រឿង ដោយក្នុងនោះ៖ អនុលោមភាព(ត្រឹមត្រូវតាមស្តង់ដារ) ចំនួន ៨១គ្រឿង , មិនអនុលោមភាព (ខុសស្តង់ដារ) ៖ ចំនួន ០៧គ្រឿង ។

សកម្មភាពចុះត្រួតពិនិត្យជាប្រចាំនេះ គឺដើម្បីធានាថាឧបករណ៍វាស់វែង ឬជញ្ជីងដែលអាជីវករប្រើប្រាស់ក្នុងការជួញដូរទំនិញមានស្តង់ដារត្រឹមត្រូវ ជៀសវាងការប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកប្រើប្រាស់ ក៏ដូចជាធានានូវភាពយុត្តិធម៌ក្នុងអាជីវកម្មផងដែរ៕
