រដ្ឋបាលខេត្តកំពង់ឆ្នាំងរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលរំលឹកស្ដីពីការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដល់រដ្ឋបាលឃុំសង្កាត់ និងអង្គភាពពាក់ព័ន្ធក្នុងខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ វគ្គបណ្ដុះបណ្ដាលរំលឹកស្ដីពី «ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ»ដល់រដ្ឋបាលឃុំ សង្កាត់មូលដ្ឋានសុខាភិបាល
សាធារណៈ ពន្ធនាគារ និងការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង ស្រុក ក្នុងខេត្តកំពង់ឆ្នាំង បានធ្វើឡើងនាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក លោកស្រី ជាប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ តំណាងរដ្ឋបាលក្រុង ស្រុក អង្គការដៃគូពាក់ព័ន្ធ ព្រមទាំងមេឃុំ ចៅសង្កាត់ ទូទាំងខេត្តកំពង់ឆ្នាំង។




មានប្រសាសន៍ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានលើកឡើងពីសារៈសំខាន់នៃការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលជាយន្តការដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រដល់ប្រជាពលរដ្ឋដែលជួបការលំបាក និងគ្រួសារងាយរងហានិភ័យ ដើម្បីធានាឱ្យពួកគាត់ទទួលបានជំនួយសង្គមប្រកបដោយសមធម៌ តម្លាភាព និងប្រសិទ្ធភាព។
លោកបានបន្តថា ការបណ្ដុះបណ្ដាលរំលឹកនេះ មានសារៈសំខាន់ក្នុងការពង្រឹងសមត្ថភាព និងបង្កើនការយល់ដឹងដល់មន្ត្រីអនុវត្តនៅថ្នាក់មូលដ្ឋាន ព្រមទាំងធានាឱ្យការអនុវត្តកម្មវិធីមានភាពត្រឹមត្រូវស្របតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់។





ជាមួយនេះលោកអភិបាលរងខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់សិក្សាស្វែងយល់ឱ្យបានច្បាស់លាស់ ចូលរួមសហការគ្នាឱ្យបានល្អ និងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនដោយមានការទទួលខុសត្រូវខ្ពស់ ដើម្បីធានាថា ជំនួយសង្គមអាចទៅដល់ប្រជាពលរដ្ឋគោលដៅដែលពិតជាត្រូវការជំនួយ។





វគ្គបណ្ដុះបណ្ដាលនេះក៏ជាឱកាសសម្រាប់អ្នកចូលរួមផ្លាស់ប្ដូរបទពិសោធន៍ ពិភាក្សាអំពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួម ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបបានតាមតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕
