ខេត្តកំពង់ឆ្នាំង ៖ កម្លាំងផ្នែកសណ្តាប់ធ្នាប់សាធារណៈ ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុ ចំរើន អធិការរង បានសហការជាមួយមន្រ្តីការិយាល័យចរាចរណ៍ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង, ក្រុមការងារសុវត្ថិភាពចរាចរណ៍ប្រចាំរោងចក្រ បានចុះយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យលេខ៣៩ អនក្រ.បក ដល់អ្នកបើកបរយានយន្ត និងអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក កិច្ចការងារនេះបានអនុវត្តរយៈពេល២ថ្ងៃហើយ គឺនៅថ្ងៃទី០៨-០៩ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤២-៤៣ និង ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៥៥-៥៦ ស្ថិតក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ក្នុងយុទ្ធនាការនេះគោលបំណងចម្បងដើម្បី កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ ។ ក្រៅពីនេះ យុទ្ធនាការអប់រំ និងណែនាំទាំងនេះ នៅមានគោលបំណងសំខាន់ៗជាច្រើនទៀតដូចជា៖ ការលើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវជួយឱ្យអ្នកបើកបរយានយន្តគ្រប់ប្រភេទយល់ដឹងកាន់តែច្បាស់អំពីច្បាប់ ផ្លាកសញ្ញា និងសិទ្ធិអាទិភាពតាមដងផ្លូវ។
ដាស់តឿនអ្នកប្រើប្រាស់ផ្លូវថ្នល់ឱ្យមានការប្រុងប្រយ័ត្ន និងចូលរួមគោរពច្បាប់ទាំងអស់គ្នា។ កាត់បន្ថយការកកស្ទះ និងរៀបចំលំហូរចរាចរណ៍ឱ្យមានរបៀបរៀបរយល្អ ។ ជាពិសេសកាត់បន្ថយការបើកបរល្មើសច្បាប់ ដូចជាការមិនពាក់មួកសុវត្ថិភាព ការបើកបរលើសល្បឿនកំណត់ ឬការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង និងការបិតចំណាំងផ្លាត ទៅលើគោយន្តកន្ត្រៃ ម៉ូតូរ៉ឺម៉ក ។ល។៕

