ខេត្តកំពង់ឆ្នាំង ៖ មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានរៀបចំពីធីប្រកាសចូលកាន់មុខតំណែងនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងការិយាល័យជំនាញក្រោមចំណុះមន្ទីរ ចំនួន៥ រូប ។ ក្នុងនោះទី១ / អបអរសាទរដល់លោកតាត សីហាក់ ត្រូវបានតែងតាំងជានាយខណ្ឌរដ្ឋបាលជលផល ជំនួសលោក លី ឡា ចូមនិវត្តន៍ ។ ទី២/ លោកឃី ងី ត្រូវបានតែងតាំងជានាយផ្នែករដ្ឋបាលជលផលសង្កាត់ផ្សារឆ្នាំង។ ទី៣/ លោកអ៊ុង សុម៉ាលី ត្រូវបានតែងតាំងជាប្រធានការិយាល័យនីតិកម្ម។ ទី៤/ លោកហួត ធារី ត្រូវបានតែងតាំងជាអនុប្រធានការិយាល័យនីតិកម្ម។ និងទី៥/ លោកសូត្រ សុធារក្ស តែងតាំងជាអនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម។
ពីធីនេះធ្វើឡើងនៅមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៨ ខែឩសភា ឆ្នាំ២០២៦ ក្រោមធិបតីភាព លោក ពេជ្រ កែវមុន្នី អភិបាលរងខេត្តកំពង់ឆ្នាំង , លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង និងមន្ត្រីរាជការនៃមន្ទីរកសិកម្មជាច្រើនរូប។
លោក ងិន ហ៊ុន បានណែនាំក្រុមការងារទាំងអស់មិនត្រូវមានភាពរើសអើងត្រូវមានសាមគ្គីភាពផ្ទៃក្នុង ធ្វើយ៉ាងណាឱ្យមានការសហការគ្នាឲ្យបានល្អប្រសើរ ។ ដើម្បីចូលរួមក្នុងការអនុវត្តវិធាណការបង្ក្រាប និងទប់ស្កាត់បទល្មើសក្នុងវិស័យជលផល យ៉ាងមានប្រសិទ្ធិភាព ។
លោក ពេជ្រ កែវមុន្នី អភិបាលរងខេត្តកំពង់ឆ្នាំង គូសរំលេចថាដើម្បីអនុវត្តច្បាប់ក្នុងវិស័យជលផលឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ត្រូវអនវត្តវិធានការរដ្ឋបាលដូចជា ៖ ទី១/ ពង្រឹងនូវការអប់រំផ្សព្វផ្សាយអោយបានទូលំទូលាយជាប់ជាប្រចាំ យ៉ាងហោចណាស់១ខែម្តង ឬពីរដងជូនដល់ពលរដ្ឋ ព្រោះយើងមិនចង់អនុវត្តនូវវិធានការច្បាប់នោះទេ។ ទី២/ ការងារកិច្ចសហប្រតិបត្តិការ ចំណុចនេះយើងកុំមានភាពឯករាជ្យតែសម្រាប់តែអង្គភាពរបស់យើង ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយនឹងកម្លាំងមន្ទីរជំនាញពាក់ព័ន្ធផ្សេងៗ។ ទី៣/ ចូលរួមទប់ស្កាត់ការទន្ទ្រានដីរដ្ឋ ដីព្រៃលិចទឹកជាដើម ។ អ្វីដែលធ្វើឲ្យប៉ះពាល់ទៅដល់ធនធានធម្មជាតិរបស់យើងត្រូវតែសហការប្រតិការណ៍បង្ក្រាបឲ្យអស់ ទាំងការទន្ទ្រានព្រៃឈើ ដីរដ្ឋ ដីព្រៃលិចទឹក និងតំបន់អភិរក្ស។ល។ ទី៤/ ចូលរួមពង្រឹងវិស័យការអនុវត្តវិធានការរដ្ឋបាល ធ្វើផែនការកំណត់មុខសញ្ញាបទល្មើសហើយបានច្បាស់ ។ ទី៥/ ការបម្រើសេវាសាធារណៈ ឲ្យបានល្អ លឿន ច្បាស់លាស់ ហ្នឹងមានប្រសិទ្ធភាព ។ និងទី/ តាមដានត្រួតពិនិត្យនិងវាយតម្លៃ។ មានការជួបប្រជុំឲ្យបានទៀងទាត់ ដើម្បីស្វែងរកបញ្ហាប្រឈមធ្វើការដោះស្រាយរួម ។
លោកតាត សីហាក់ នាយខណ្ឌរដ្ឋបាលជលផលដែលកាន់មុខតំណែងថ្មី បានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំចំពោះមុខថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ៖ ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា។ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងសហការល្អជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធ។ ខិតខំទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានជាអតិបរមា។ ការពារធនធានជលផល ជីវៈចម្រុះ ឬព្រៃលិចទឹក ដែលជាជម្រកត្រីពងកូនឱ្យបានគង់វង្ស។បម្រើប្រជាជនសម្របសម្រួល និងគាំទ្រដល់សហគមន៍នេសាទ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ អនុវត្តតួនាទីភារកិច្ច និងបទបញ្ជាទាំងឡាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជារដ្ឋបាលជលផល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
