អាជ្ញាធរស្រុករលាប្អៀរ ផ្តាំផ្ញើដល់ម្ចាស់លទ្ធកម្មមូលដ្ឋាន និងក្រុមហ៊ុនដែលដេញថ្លៃបាន ត្រូវចុះកិច្ចសន្យាអោយបានទាន់ពេលវេលា

ខេត្តកំពង់ឆ្នាំង ៖  លោក យ៉ុង វណ្ណា អភិបាលរងស្រុករលាប្អៀរ បានផ្តាំផ្ញើទៅដល់ម្ចាស់លទ្ធកម្មឃុំទាំងអស់ បន្ទាប់ពីធ្វើការដេញថ្លៃរួច ក្រុមហ៊ុនដែលឈ្នះក្នុងដេញថ្លៃគម្រោងមូនិធិអភិវឌ្ឍឃុំ-សង្កាត់ ត្រូវសហការគ្នា មកចុះកិច្ចសន្យាតាមការកំណត់អោយបានទាន់ពេលវេលា ។ ការចុះកិច្ចសន្យាគឺមានការអនុម័តលើរបាយការណ៍ដេញថ្លៃ និងផ្ទៀងផ្ទាត់លក្ខខណ្ឌបច្ចេកទេស និងថវិកាត្រឹមត្រូវតាម សៀវភៅភីម  សៀវភៅណែនាំស្តីពី ការអនុវត្តគម្រោងមូនិធិឃុំសង្កាត់ ដើម្បីឱ្យកិច្ចសន្យាគម្រោងផ្លូវនេះមានសុពលភាព និងដំណើរការទៅដោយរលូន ស្របតាមនីតិវិធី ។

លើកឡើងដូចនេះនៅថ្ងៃទី១៨ ខែឩសភា ឆ្នាំ២០២៦ ក្នុងពិធីបើក និងវាយតម្លៃសំណើដេញថ្លៃគម្រោងមូនិធិអភិវឌ្ឍឃុំ-សង្កាត់ឆ្នាំ២០២៦ ចំនួន២ឃុំ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ក្នុងនោះមាន ឃុំស្រែថ្មី ជួសជុលផ្លូវក្រាលក្រួសក្រហមនៅភូមិត្រោកលិច និងភូមិត្រោកកណ្ដាល , ប្រវែង១០៤០ម៉ែត្រ ,ទទឹង ៥ ម៉ែត្រ លូអង្កត់ផ្ចិត០,៦០ម៉ែត្រ ចំនួន ១ កន្លែង អំពូលសូឡា ៣កន្លែង និងស្លាកគម្រោង១ កន្លែង។ ចំពោះឃុំគោកបន្ទាយចំនួន២គម្រោង ៖ គម្រោងទី១/ សាងសង់សាលាមត្តេយ្យសហគមន៍ បណ្ដោយប្រវែង ៩ម៉ែត្រ , សាងសង់ទោងចំនួន១កន្លែង , ប្រដាប់រំអិលក្មេងលេងចំនួន ១ កន្លែង ព្រមទាំងសាងសង់បង្គន់អនាម័យ ដែលមានបណ្ដោយ ៣,៩ម៉ែត្រ ទទឹង២.៥ម៉ែត្រ ចំនួន១កន្លែង និងស្លាកគម្រោង១កន្លែង។

គម្រោងទី២/ ជួសជុលផ្លូវក្រាលក្រួសក្រហមធម្មជាតិប្រវែង ១,៧៦០ម៉ែត្រ , ទទឹង ៥ ម៉ែត្រ , កម្រាស់ ០.១៥ម៉ែត្រ , សាងសង់លូទោលកាត់ទទឹងផ្លូវអង្កត់ផ្ចិត ០.៦០ម៉ែត្រ , ចំនួន១កន្លែង , សាងសង់លូទោលកាត់ផ្លូវអង្កត់ផ្ចិត ០.៨០ម៉ែត្រ ចំនូន១ , សាងសង់លូជ្រុងចំនួន១កន្លែង , អំពូលសូឡា២កន្លែង និងស្លាកគម្រោងកន្លែ១ង ។

អាជ្ញាធរ បន្តជំរុញឱ្យអាជ្ញាធរនិងមន្ត្រីជំនាញ យកចិត្តទុកដាក់ពង្រឹងគុណភាពសំណង់ឱ្យបានរឹងមាំ និងត្រូវអនុវត្តតាម បទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដើម្បីធានាថាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានអាចប្រើប្រាស់បានយូរអង្វែង និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ។ ជាពិសេសក្រុមហ៊ុនអ្នកទទួលការ ត្រូវចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជួន ទៅតាមកិច្ចសន្យា និងបទដ្ឋានបច្ចេកទេស ដើម្បីសមិទ្ធផលគម្រោងមូនិធិអភិវឌ្ឍ នៅក្នុងមូលដ្ឋានមានភាពរឹងមាំប្រើប្រាស់បានយូរអង្វែង ៕

Leave a Reply

Your email address will not be published. Required fields are marked *