ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ នៅសាលាបឋមសិក្សាសាមគ្គីភូមិចារថ្មីឃុំអណ្ដូងស្នាយ ក្នុង ស្រុករលាប្អៀរ

កំពង់ឆ្នាំង៖ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ នៅសាលាបឋមសិក្សាសាមគ្គី ស្ថិតក្នុងភូមិចារថ្មី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ពិធីខាងលើនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវ សមាជិកព្រឹទ្ធសភា ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងប្រតិភូអមដំណើរ ព្រមទាំងលោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ-ស្ថាប័នជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្សជាច្រើននាក់។

ក្នុងពិធីនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានអានសារលិខិតអបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងសារលិខិតបានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៅតែបន្តចាត់ទុកវិស័យអប់រំនិងការអភិវឌ្ឍធនធានមនុស្សជាអាទិភាពខ្ពស់បំផុត។ រាជរដ្ឋាភិបាលនៅតែបន្តអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារៀនរដ្ឋ ចាប់ពីមត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាម
រយៈការពង្រឹងអភិបាលកិច្ចសាលារៀន ការអនុវត្តសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបទរបស់សិស្ស ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន ព្រមទាំងការជំរុញ និងលើកទឹកចិត្តឱ្យមានការចូលរួមពីមាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»។
ជាមួយគ្នានេះ សាលារៀនគ្រប់កម្រិតនឹងត្រូវអភិវឌ្ឍស្របតាមស្តង់ដាសាលារៀនគំរូ ដែលមានស្តង់ដាចំនួន៥ គឺ៖ ១. លទ្ធផលសិក្សារបស់សិស្ស ២. ការបង្រៀន និងរៀន ៣. ការចូលរួមរបស់សហគមន៍ ៤. ដំណើរការប្រតិបត្តិ និងរដ្ឋបាលសិក្សា និង ៥. គណនេយ្យភាពសាលារៀន។


មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបញ្ជាក់
ថា សម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះបងប្អូន និងក្មួយៗគ្រប់ពេលវេលា។

ឯកឧត្តមបណ្ឌិតសភាចារ្យបានបន្តថា សារលិខិតក៏ខ្ពង់ខ្ពស់របស់សម្តេច គឺជាត្រីវិស័យ និងជាកម្លាំងចិត្តដ៏ខ្លាំងក្លាសម្រាប់យើងទាំងអស់គ្នា ក្នុងការបន្តបេសកកម្មអប់រំ និងកសាងធនធានមនុស្សនៅក្នុងមូលដ្ឋាន។ ទិវាបវេសនកាលឆ្នាំនេះ គឺជាការចាប់ផ្តើមជីវិតថ្មី និងជាការបើកប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងការខិតខំប្រឹងប្រែងក្រេបជញ្ជក់ចំណេះដឹង ដើម្បីកសាងអនាគតរបស់ក្មួយៗសិស្សានុសិស្សទាំងអស់។


ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំងអស់ឱ្យព្យាយាមខិតខំរៀនសូត្រ ជៀសវាងប្រព្រឹត្តនូវអំពើអបាយមុខផ្សេងៗ ដើម្បីកុំឱ្យខូចអនាគតឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *