អាជ្ញាធរស្រុករលាប្អៀរ មិនអនុញ្ញាតឱ្យមានការប្រើប្រាស់រថយន្តដឹកទឹកដើម្បីបាញ់កម្សាន្តនោះទេ

 

ខេត្តកំពង់ឆ្នាំង ៖ លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរបញ្ជាក់ថា សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ខាងមុខនេះ អាជ្ញាធរពិតជាមិនអនុញ្ញាតឱ្យមានការប្រើប្រាស់រថយន្តដឹកទឹកដើម្បីបាញ់កម្សាន្តនោះទេ ជាពិសេសហាមមិនអោយមានការលេង ប៉ាតម្សៅផងដែរ។ យោងតាមការណែនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  រថយន្តទឹកគួរតែរក្សាទុកសម្រាប់តែការពន្លត់អគ្គិភ័យ និងការសង្គ្រោះបន្ទាន់ប៉ុណ្ណោះ។

លើកឡើងដូចនេះនៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ នៅសាលាស្រុករលាប្អៀរ ក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីលើករាសី និងប្រសិទ្ធពរជ័យ សិរីសួស្ដី ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។

លោកសេង វិចិត្រ បន្តថា លោកបានដាក់វិធានការណែនាំ អោយកាត់បន្ថយនៃការបាញ់ទឹក ប៉ាតម្សៅ ព្រោះទាំងអស់នេះមិនមែនជាល្បែងប្រពៃណីជាតិខ្មែរនោះទេ។ក្នុងនោះ អាជ្ញាធរបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមលេង ល្បែងប្រជាប្រិយខ្មែរ ដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ និងរាំលេងកម្សាន្តតាមបែបប្រពៃណីជំនួសវិញ ដើម្បីថែរក្សាវប្បធម៌ជាតិ និងបង្កភាពសប្បាយរីករាយដោយមានសណ្ដាប់ធ្នាប់។

ក្នុងនោះរដ្ឋបាលស្រុករលាប្អៀរ បានត្រៀមកងកម្លាំងមានសមត្ថកិច្ច ប្រជាការពារ ដើម្បីចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ តាមទីកន្លែងលែងកម្សាន្តនានា រួចជាស្រេច ។ និងសូមសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់ ភូមិសាស្ត្រស្រុករលាប្អៀរ នៃខេត្តកំពង់ឆ្នាំង សូមមេត្តាយោគយល់អធ្យាស្រ័យ ជាពិសេសគោរពនៅច្បាប់ចរាចរណ៍ និងប្អូនៗយុវវ័យកុំឲ្យមានការកើតឡើងនៅអំពើហិង្សាផ្សេងៗ ដើម្បីឱ្យឆ្នាំក្រោយយើងបន្តកម្មវិធីសប្បាយរីករាយនេះបន្តទៀត ៕

Leave a Reply

Your email address will not be published. Required fields are marked *